មូលនិធិហាប់ស្វែល
អន្តេវាសិកដ្ឋាននិង
មជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និសិ្សតនារីសាកលវិទ្យាល័យ
យើងជានរណា៖ មូលនិធិហាប់ស្វែល ជាអង្គការលើកលែងពន្ធមួយ មានមូលដ្ឋាននៅអាមេរិក ដែលមានបេសកកម្មផ្តល់នូវការអប់រំ កន្លែងស្នាក់នៅ និងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នៅខែឧសភាឆ្នាំ ២០០៧ យើងបានក្លាយជាអង្គការមិនមែនរដ្ឋាភិបាល ដែលបាន ចុះបញ្ជីក្រោមច្បាប់នៃប្រទេសកម្ពុជា។ នៅខែឧសភាឆ្នាំ ២០០៨ រដ្ឋាភិបាលកម្ពុជាបានផ្តល់រង្វាន់មេដាយមាសជូនដល់មូលនិធិហាប់ស្វែល ជាការលើកទឹកចិត្តចំពោះសកម្មភាពមនុស្សធម៌ដែលយើងបានធ្វើក្នុងប្រទេសកម្ពុជា។ មេដាយនេះត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ផ្តល់ជូនដោយផ្ទាល់ ចំពោះ ស្ថាបនិកមូលនិធិហាប់ស្វែល លោក អាឡិន ឡៃមែន។
បេសកកម្មរបស់យើង
បេសកកម្មរបស់យើង៖ បេសកកម្មរបស់មូលនិធិហាប់ស្វែល គឺដើម្បីផ្តល់ភាពអង់អាចដល់នារីជាអ្នកដឹកនាំជំនាន់ថ្មី នៅ កម្ពុជា និងនៅក្នុងប្រទេសកំពុងអភិវឌ្ឃន៍។ យើងជឿជាក់ថា ស្ត្រីដែលទទួលបានការអប់រំ និងមានសមត្ថភាពជាអ្នកដឹកនាំ បង្កើតបានជាកម្លាំងខ្លាំងបំផុតដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ការអប់រំ និង ភាព ជាអ្នកដឹកនាំដែលមានចក្ខុវិស័យខ្ពស់ គឺមានក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ថ្ងៃអនាគត។ ជាអកុសល ស្ត្រីនៅក្នុងប្រទេស កម្ពុជា រងនូវគុណវិបត្តិមួយ បើធៀបទៅនឹងបុរស ដោយសារតែសាកលវិទ្យាល័យ មិនបានផ្តល់នូវលំនៅដ្ឋានសម្រាប់ និស្សិតស្នាក់នៅ។ កង្វះលំនៅដ្ឋាននេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់និស្សិតប្រុស ដែលអាចរស់នៅក្នុងវត្តព្រះពុទ្ធសាសនា ដោយពុំបាច់បង់ប្រាក់ ឬ អាចជួលផ្ទះនៅដោយសុវត្ថិភាពនោះទេ។ ផ្ទុយទៅវិញ និស្សិតស្រីមិនអាចរកកន្លែង ស្នាក់នៅ ដោយងាយស្រួលឡើយ។ ដូច្នេះ ដោយសារកង្វះកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ខណៈដែលពួកគេ កំពុងសិក្សានៅសាកលវិទ្យាល័យ ស្ត្រីវ័យក្មេងភាគច្រើននៅក្នុងប្រទេសកម្ពុជា ត្រូវបានរារាំងពីការទទួលបានការអប់រំ កម្រិតឧត្តមសិក្សា។
អ្វីដែលយើងធ្វើ៖ មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សវិទ្យាល័យជាស្ត្រី រៀនពូកែ និងជោគជ័យ ដែលបានបង្ហាញ ភាពជាអ្នកដឹកនាំ ព្រមទាំងទស្សនៈវិស័យសម្រាប់អនាគតរបស់ពួកគេ។ មូលនិធិហាប់ស្វែល ផ្ដល់កន្លែងស្នាក់នៅ បន្ទប់គេង និង ការអប់រំបន្ថែមដល់សិស្សទាំងនេះនៅក្នុងអន្តេវាសិកដ្ឋានទំនើបទាំងពីររបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ ពួកគេអាចចូលរៀនក្នុងសាកលវិទ្យាល័យណាមួយ នៅរាជធានីភ្នំពេញ និងស្នាក់នៅដោយសុវត្ថិភាពក្នុងអន្តេវាសិក ដ្ឋានរបស់យើងសម្រាប់រយៈពេលបួនឆ្នាំ ហើយទទួលបានដោយឥតគិតថ្លៃនូវម្ហូបអាហារ ប្រាក់ឧបត្ថម្ភ អ៊ិនធឺណិត មធ្យោបាយធ្វើដំណើរ និងឱកាសដើម្បីជួបភ្ញៀវកិត្តិយស និងវាគ្មិនជាតិ និងអន្តរជាតិជាច្រើន។ មូលនិធិហាប់ស្វែល ផ្តល់នូវការអប់រំសំខាន់ៗបន្ថែមទៀតដូចជា ភាសាអង់គ្លេស កុំព្យូទ័រ ជំនាញការត្រិះរិះពិចារណា និងការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ សម្រាប់ស្ត្រីវ័យក្មេងដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីរបស់យើង។ សិស្សដែលជ្រើសរើសដោយ មូលនិធិហាប់ស្វែល ត្រូវសិក្សាក្នុងសាកលវិទ្យាល័យណាមួយតែមួយគត់ និងត្រូវធ្វើការប្តេជ្ញាជាលាយ លក្សណ៍អក្សរ ថាខ្លួននឹងរស់នៅក្នុងអន្តេវាសិកដ្ឋានសម្រាប់រយៈពេលបួន ឬប្រាំឆ្នាំពេញលេញ រហូតដល់ ពេលពួកគេបានទទួល សញ្ញាប័ត្រ។
អន្តេវាសិកដ្ឋាន៖ អន្តេវាសិកដ្ឋានទំនើបទាំងពីររបស់យើង មានទីតាំងក្បែរសាកលវិទ្យាល័យធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។ និស្សិតរស់នៅក្នុងបន្ទប់ មានផាសុខភាព ដែលមានគ្រែ តុរៀន និង ទូខោអាវ។ ក្នុងអន្តេវាសិកដ្ឋាន មានបន្ទប់ កុំព្យូទ័រ និងបណ្ណាល័យមួយ។ ចុងភៅរបស់មូលនិធិហាប់ស្វែល ចម្អិនអាហារថ្ងៃត្រង់សម្រាប់និស្សិត រីឯអាហារពេល ព្រឹក និងពេលល្ងាច និស្សិតត្រូវចម្អិនរួមគ្នា។ និស្សិតត្រូវធ្វើការរួមគ្នា ក្នុងការរៀបចំកន្លែងស្នាក់នៅ រួមមានការលាង សំអាត និងសកម្មភាពផ្សេងៗ។ មូលនិធិហាប់ស្វែល មានសន្តិសុខធ្វើការពេញម៉ោងដើម្បីយាមកាម និងរក្សាសុវត្ថិភាព។ បុគ្គលិកជាស្ត្រីទាំងអស់ រួមទាំងអ្នកតំណាងភាពជាអ្នកដឹកនាំជាស្ត្រីបរទេសវ័យក្មេង ដែលមកស្នាក់នៅក្នុង អន្តេវាសិកដ្ឋាន និង ជួយបង្រៀននិស្សិតរបស់យើង។
កម្មវិធីសិក្សាក្នុងអន្តេវាសិកដ្ឋាន៖ យើងផ្តល់កម្មវិធីសិក្សាក្នុងអន្តេវាសិកដ្ឋានរួមមាន ថា្នក់ភាសាអង់គ្លេស ភាសាបារាំង កុំព្យូទ័រ ការពិភាក្សាឬជជែកដេញដោល ជំនាញការងារ ការត្រិះរិះពិចារណា ព្រមទាំងការ សរសេរវិភាគ។ និស្សិត ទទួលបានព័ត៌មានយ៉ាងច្បាស់អំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងចូលរួមក្នុងសកម្មភាព វប្បធម៍ជាច្រើន។ មូលនិធិហាប់ ស្វែលផ្តល់ជូនដល់និស្សិតនូវថ្នាក់រៀនតន្រ្តីដូចជា ព្យាណូ ហ្គីតា និងវិយូឡុង ហើយនិស្សិតក៏បានរួមគ្នាបង្កើតជាក្លឹប តន្រ្តី ក្លឹបរៀនភាសាអង់គ្លេស ក្លឹបអានសៀវភៅនិងក្លឹបកីឡា។
ការបន្តការសិក្សានៅសហរដ្ឋអាមេរិករបស់និស្សិតហាប់ស្វែល៖ និស្សិតពូកែបំផុតរបស់យើងដែលចេះ ភាសាអង់គ្លេស ជ្រៅជ្រះ និងមានប្រវតិ្តជាអ្នកដឹកនាំល្អ នៅក្នុងអន្តេវាសិកដ្ខាន មានឱកាសបន្តការសិក្សា នៅសហរដ្ឋអាមេរិក រយៈ ពេលមួយឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅកម្ពុជា។
អតីតនិស្សិត៖ និស្សិតរបស់យើងទទួលបានការគាំទ្រ ដោយពួកគេទទួលបានការណែនាំ និងជំនួយជាទៀងទាត់ពីអតីតនិស្សិតមូលនិធិហាប់ស្វែល។ និស្សិតបញ្ចប់ការសិក្សានៅតែមានទំនាក់ទំនងគ្នា តាមរយៈសមាគមអតីតនិស្សិត មូលនិធិហាប់ស្វែល។ សូមចូលទស្សនាទំព័រហ្វេសប៊ុកអតីតនិស្សិតរបស់យើង៖ https://www.facebook.com/Harpswell-Alumnae-Association-277533419035285/?fref=tsមូលនិធិហាប់ស្វែល បន្តគាំទ្រដល់និស្សិតបញ្ចប់ការសិក្សាតាមរយៈការបង្កើតកម្មវិធី និងឱកាសបណ្តាញទំនាក់ទំនង សង្គមបន្ទាប់ពីពួកគេបញ្ចប់ការសិក្សា។ យើងក៏បន្តផ្តល់កន្លែងស្នាក់នៅសម្រាប់និស្សិត រយៈពេលមួយឆ្នាំ ក្រោយពីពួក គេបានបញ្ចប់ការសិក្សា។
សមិទ្ធិផលរបស់យើង៖ គិតត្រឹមខែកក្កដាឆ្នាំ ២០១៨ យើងមាននិស្សិតបញ្ចប់ការសិក្សា ចំនួន ១៥៧នាក់ ចាប់ផ្តើម ជាមួយថ្នាក់នៃឆ្នាំ ២០១០។ និស្សិតបញ្ចប់ការសិក្សារបស់យើង បានធ្វើការជាមេធាវី នៅក្នុងក្រុមហ៊ុនច្បាប់ អ្នកគ្រប់ គ្រងគម្រោងនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល អ្នកកាសែត អ្នកគ្រប់គ្រងហិរញ្ញវត្ថុ បុគ្គលិកនៅក្នុងក្រសួងរដ្ឋាភិបាល គ្រូបង្រៀន និងជាសហគ្រិន។ និស្សិតបញ្ចប់ការសិក្សាចំនួន ៣០នាក់ របស់យើង បានទទួលអាហារូបករណ៍សម្រាប់ ការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេស រួមមានមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាច្រើន ទៀត។ បច្ចុប្បន្ននេះ យើងមាននិស្សិតនារីឆ្នើមចំនួន ៧៥នាក់ ដែលមកពីបណ្តាខេត្តនានា ហើយកំពុងសិក្សាក្នុង សាកលវិទ្យាល័យមួយចំនួនក្នុង រាជធានីភ្នំពេញ។





ការជ្រើសរើសសិស្សចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន
ការជ្រើសរើសសិស្សចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន៖ ជារៀងរាល់ឆ្នាំ ក្នុងខែឧសភា និងខែមិថុនា យើងធ្វើដំណើរ ទៅកាន់បណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការសម្ភាសន៍ជ្រើសរើសសិស្សនារីដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ និងដែលត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ទីបំផុតយើងរើសយកសិស្សចំនួនពី ១៥ ទៅ ២០ នាក់ ពីវិទ្យាល័យមួយចំនួនតាមបណ្តាខេត្តទាំងនោះ ។ លក្ខខ័ណ្ឌក្នុងការជ្រើសរើស៖
- ជាសិស្សពូកែ ទទួលបានពិន្ទុល្អក្នុងថា្នក់ និងក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ
- ជាសិស្សសកម្មក្នុងការចូលរួម និងយល់ដឹងពីកិច្ចការសង្គម
- ជាសិស្សមានសមត្ថភាពផ្នែកភាសាអង់គ្លេស
- ជាសិស្សដែលមានទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។
បើសិស្សនារីចង់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់យើង ហើយយល់ថាខ្លួនបំពេញបានគ្រប់តាមលក្ខខ័ណ្ឌទាំង៤ ខាងលើ សូមសរសេរអ៊ីម៉ែលបញ្ជាក់ពីព័ត៌មាន (ឈ្មោះសិស្សនារី ឈ្មោះវិទ្យាល័យ និងឈ្មោះខេត្ត) ចំណាប់អារម្មណ៍ និងសមត្ថភាពរបស់ខ្លួន ដោយភ្ជាប់ជាមួយព្រឹត្តប័ត្រពិន្ទុ ឬប័ណ្ណសរសើរនានា ទៅកាន់៖ Ms. Moul Samneang: samneangm@harpswellfoundation.org ត្រឹមថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ។ បន្ទាប់ពីទទួលនិងពិនិត្យ អ៊ីម៉ែល និងឯកសារភ្ជាប់របស់សិស្សនារីហើយ យើងនឹងទាក់ទងត្រឡប់ទៅវិញ ដើម្បីកំណត់ពេល និងទីកន្លែងជួប ដើម្បី ៖
១. បំពេញពាក្យសុំស្នាក់នៅនិងព័ត៌មានមួយចំនួនដោយភ្ជាប់រូបថត និងព្រឹត្តបត្រពិន្ទុចុងក្រោយ ដែលមាន
២. ធ្វើសំណេរទៅលើប្រធានបទណាមួយ ដែលនឹងកំណត់ដោយគណៈកម្មការជ្រើសរើសរបស់ មូលនិធិ ហាប់ស្វែល ជាភាសាខ្មែរ ឬអង់គេ្លស
៣. ជួបសំភាសន៍ដោយផ្ទាល់ ជាមួយបុគ្គលិករបស់មូលនិធិហាប់ស្វែល។
ការជ្រើសរើសនិស្សិតចូលមកស្នាក់នៅក្នុងឆ្នាំសិក្សា ២០១៩-២០២០ នឹងត្រូវធ្វើឡើងក្នុងខែ ឧសភា និងខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។ សេចក្តីសម្រេចជាស្ថាពរនៃការជ្រើសរើសបេក្ខនារី នឹងធ្វើឡើងក្រោយពីបានទទួលពិន្ទុនៃការ ប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឆ្នាំ ២០១៩ របស់បេក្ខនារី។ សូមចូលមើលគេហទំព័រ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Harpswell Recruiting របស់យើងម្តងទៀត ដើម្បីទទួលបាន ព័ត៌មានបន្ថែមពីការជ្រើសរើស និងកាលបរិច្ឆេទជ្រើសរើស តាមបណ្តាខេត្តនានា។